Share

Cambodia

អាស៊ីដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់៖ ត្រូវការជម្រើសហិរញ្ញប្បទាន ទូលំទូលាយជាងមុន ដើម្បីគាំទ្រដល់ការរើបឡើងវិញ ចំពេលមានភាពមិនច្បាស់លាស់ខ្លាំង

 

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ - សកម្មភាពសេដ្ឋកិច្ចនៅអាស៊ីដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ នឹងបន្តរើបឡើងវិញនៅឆ្នាំ២០២២ ប៉ុន្តែនៅតែមានភាពមិនច្បាស់លាស់និងហានិភ័យសំខាន់ៗនៅឡើយ។ អ្នកធ្វើគោលនយោបាយក្នុងតំបន់ចាំបាច់ត្រូវពង្រីកជម្រើសហិរញ្ញប្បទាន ធ្វើឱ្យទីផ្សារមូលធន និងឧបករណ៍នានាកាន់តែមានលក្ខណៈស៊ីជម្រៅបន្ថែមទៀត ដើម្បីធានាបាននូវការរើបឡើងវិញប្រកបដោយនិរន្តរភាព នេះបើយោងតាមទស្សនវិស័យសេដ្ឋកិច្ចសម្រាប់អាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា ឆ្នាំ២០២២៖ ការផ្តល់ហិរញ្ញប្បទានដល់ការរើបឡើងវិញប្រកបដោយនិរន្តរភាពពីកូវីដ-១៩ ដែលបានចេញផ្សាយនៅថ្ងៃនេះ។

ការប្រែប្រួលតម្លៃទំនិញ និងទីផ្សារហិរញ្ញវត្ថុដែលបានឃើញចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារទ្រង់ទ្រាយធំដោយប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនអាចពន្យឺតការរើបឡើងវិញនៃសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅអាស៊ីដែលកំពុងរីកលូតលាស់ (អាស៊ាន-១០ ចិន និងឥណ្ឌា) ទោះបីជាផលប៉ះពាល់ជារួមត្រូវបានព្យាករថាមានទំហំតិចជាងនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក OECD ក៏ដោយ។

អគ្គលេខាធិការនៃអង្គការ OECD លោក Mathias Cormann បានមានប្រសាសន៍ថា “ទោះបីជាយើងរំពឹងថាសេដ្ឋកិច្ចនឹងបន្តរើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ សន្ទុះនៃកំណើននេះនៅតែមានលក្ខណៈផុយស្រួយ។ អតិផរណា ជាពិសេសការកើនឡើងតម្លៃថាមពល និងម្ហូបអាហារ ក៏ដូចជាការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់បង្កការគំរាមកំហែងជាបន្តដល់ការរើបឡើងវិញនេះ”។ “បណ្តារដ្ឋាភិបាលនៅក្នុងតំបន់ចាំបាច់ត្រូវអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងរចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសេដ្ឋកិច្ចរបស់ពួកគេ បន្តធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងពន្លឿនវឌ្ឍនភាពដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។”


ផលវិបាកជាសាកលនៃសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន និងការកើនឡើងអត្រាការប្រាក់ក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនអាចប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុបន្ថែមទៀត។ អត្រាប្រាក់ចំណេញ និងការផ្តល់ប្រាក់កម្ចីរបស់ធនាគារបានស្រុតចុះនៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។ ភាពដុនដាបនៃទីផ្សារការងារនឹងត្រូវការពេលវេលាដើម្បីស្តារឡើងវិញ។ គោលនយោបាយរូបិយវត្ថុមានលក្ខណៈសម្របសម្រួលខ្លាំងតាមភាពសមស្របនៅក្នុងសេដ្ឋកិច្ចភាគច្រើន ដើម្បីឆ្លើយតបទៅនឹងការរើបឡើងវិញដ៏ផុយស្រួយរបស់ពួកគេ។ ប្រទេសជាច្រើននៅអាស៊ីដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ បានបន្តផ្តល់ការជំរុញផ្នែកសារពើពន្ធ ប៉ុន្តែវិសាលភាពរបស់វាមានកម្រិតមធ្យមច្រើនជាងនៅពេលចាប់ផ្តើមជំងឺរាតត្បាត។

ដោយមើលឃើញពីបរិបទសារពើពន្ធ និងរូបិយវត្ថុដ៏លំបាកនេះ អ្នកធ្វើគោលនយោបាយនៅអាស៊ីដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ គួរតែពិចារណាលើជម្រើសឱ្យបានទូលំទូលាយជាងមុន ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការរើបឡើងវិញពីជំងឺរាតត្បាត។ ការប្រើប្រាស់គំនិតផ្តួចផ្តើមពហុភាគី ដូចជា ប្រាក់កម្ចីរួម ឬការរៀបចំការផ្លាស់ប្តូរនឹងជួយគ្រប់គ្រងភាគហ៊ុននៃបំណុលសាធារណៈ។ លើសពីនេះ អ្នកធ្វើគោលនយោបាយអាចប្រើប្រាស់ប្រភពហិរញ្ញប្បទានជំនួសដូចជា សញ្ញាបណ្ណបរិស្ថាន សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណអភិបាលកិច្ច។ ដើម្បីអភិវឌ្ឍទីផ្សារសញ្ញាបណ្ណឯកសារស្តីពីទស្សនវិស័យសេដ្ឋកិច្ចផ្តល់អនុសាសន៍ឱ្យបង្កើតក្របខណ្ឌនៃការចាត់ថ្នាក់ និងវិញ្ញាបនកម្មដែលរឹងមាំ ព្រមទាំងក្របខណ្ឌបទប្បញ្ញត្តិដ៏មុតមាំ បង្កើនការផ្គត់ផ្គង់សញ្ញាបណ្ណជាតិ និងកែលម្អគ្រឿងលើកទឹកចិត្តនានាសម្រាប់វិនិយោគិនក្នុងការចូលរួមនៅក្នុងទីផ្សារ។ មូលបត្រដែលភ្ជាប់ដោយការធានារ៉ាប់រងអាចផ្តល់ការធានារ៉ាប់រងផ្នែកហិរញ្ញវត្ថុបន្ថែមចំពោះព្រឹត្តិការណ៍ធ្ងន់ធ្ងរផ្សេងៗ។ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាឧទាហរណ៍ ក្នុងទម្រង់ជាក្រុមគ្រប់គ្រងហានិភ័យនៃជំងឺរាតត្បាត ក៏អាចគាំទ្រដល់ការរើបឡើងវិញក្រោយជំងឺរាតត្បាតផងដែរ។


ទីផ្សារសញ្ញាបណ្ណនៅអាស៊ីដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ទាមទារឱ្យមានក្របខណ្ឌស្ថាប័ននិងច្បាប់រឹងមាំជាងមុន ការការពារវិនិយោគិន តម្លាភាព សន្ទនីយភាព និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ។ តម្រូវការទាំងនេះឃើញមានជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានទីផ្សារមិនសូវអភិវឌ្ឍ។ ការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅអាស៊ីដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់នឹងជួយឱ្យវិនិយោគិនយល់កាន់តែច្បាស់អំពីឧបករណ៍ហិរញ្ញវត្ថុដ៏ស្មុគស្មាញ ដូច្នេះវានឹងជំរុញឱ្យមានការចូលរួមកាន់តែច្រើននៅក្នុងទីផ្សារ។ ជាចុងក្រោយ ឯកសារស្តីពីទស្សនវិស័យសេដ្ឋកិច្ចអំពាវនាវឱ្យមានក្របខណ្ឌម៉ាក្រូប្រុងប្រយ័ត្នដ៏រឹងមាំមួយ ដើម្បីឱ្យមានការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ ដោយពង្រឹងនូវស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ។
សម្រាប់ព័ត៌មានបន្ថែមអំពីការបោះពុម្ពផ្សាយនាឆ្នាំ២០២២ នូវទស្សនវិស័យសេដ្ឋកិច្ចសម្រាប់អាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា សូមចូលទៅកាន់៖ https://www.oecd.org/dev/economic-outlook-for-southeast-asia-china-and-india-23101113.htm។



អ្នកសារព័ត៌មានសូមអញ្ជើញទាក់ទង Kensuke Tanaka ជាប្រធានប្រចាំតំបន់អាស៊ី នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ OECD ([email protected], +៣៣ ៦ ២៧ ១៩ ០៥ ១៩) ឬ Bochra Kriout នៅការិយាល័យសារព័ត៌មាននៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ OECD ([email protected], +៣៣ ១ ៤៥ ២៤ ៨២ ៩៦) និង Yumiko Yokokawa នៅមជ្ឈមណ្ឌលតូក្យូ OECD ([email protected], +៨១ ៣ ៥៥ ៣២ ០០ ២១)

 

Related Documents